ក្រុមហ៊ុនឯកជនបី បានរួមគ្នារៀបចំយុទ្ធនាការបរិច្ចាគឈាមដែលមានទ្រុងទ្រាយធំជាងគេ ក្នុងរយៈ៥ខែចុងក្រោយ ដើម្បីប្រមូលឈាមជួយជនរងសង្គ្រោះ ដែលកំពុងត្រូវការឈាមជាចាំបាច់ ខណៈពេលដែលចំនួនអ្នកបរិច្ចាគឈាមមានការធ្លាក់ចុះ និងតម្រូវការឈាមកើនឡើង។
ក្រុមហ៊ុនចែកចាយ One Fraternity Co., Ltd. ក្រុមហ៊ុន N.V.C Corporation Co., Ltd. និង ក្រុមហ៊ុន One More Manufacturing Co., Ltd. បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល រៀបចំការបរិច្ចាគឈាម កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលចូលរួមដោយបុគ្គលិក និងកម្មករក្រុមហ៊ុនប្រមាណ១៥០នាក់។
លោកជំទាវ ជឹង សុគន្ធាវី នាយកប្រតិបត្តិនៃក្រុមហ៊ុនទាំងបីបានមានប្រសាសន៍ថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឲ្យមានការចូលរួមបរិច្ចាគឈាមជួយជនរងសង្គ្រោះ ដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។ លោកជំទាវបានបន្ថែមថា “អំណោយឈាម ជាអំពើដ៏វិជ្ជាមានប្រសើរបំផុតដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ សកម្មភាពនេះ ស្តែងឲ្យឃើញពីការធ្វើទាន ឬកុសលដ៏ធំធេង។”
“នៅថ្ងៃនេះ យើងបានប្រមូលឈាមចំនួន១១២ប្លោក ដែលនេះជាការបរិច្ចាគឈាមច្រើនជាងគេក្នុងរយៈពេល៥ខែចុងក្រោយ ក្នុងអំឡុងពេលកូវីដ១៩។ ក្នុងនោះ មានអ្នកបរិច្ចាគឈាមសរុប១២៨នាក់។” នេះ ជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្ថែមថា ការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតថ្ងៃនេះ ជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានកក់ត្រាទុកនូវព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ និងសម្តែងអំណរគុណ ជាអនេកកប្បការចំពោះការគាំទ្រទាំងឡាយដើម្បីបុព្វហេតុមនុស្សធម៌ និងសូមអំពាវនាវឲ្យមានការគាំទ្របន្តទៀត។
លោកជំទាវ ជឹង សុគន្ធាវី ក៏បានអំពាវនាវឲ្យបងប្អូនបុគ្គលិក កម្មករ និងប្រជាពលរដ្ឋទូទៅយល់ដឹងឲ្យច្បាស់អំពីការផ្តល់បរិច្ចាគឈាម និងរួមគ្នាធ្វើការបរិច្ចាគដោយការស្ម័គ្រចិត្ត និងក្តីរីករាយ ដើម្បីជួយសង្គ្រោះជនរងគ្រោះ។
គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំងបី ដែលមានក្រុមហ៊ុន N.V.C Corporation Co., Ltd. ក្រុមហ៊ុន One More Manufacturing Co., Ltd. និងក្រុមហ៊ុនចែកចាយ One Fraternity Co., Ltd. បានតែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសជាច្រើន ក្នុងនោះ មានដូចជាការផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និងការៀបចំកម្មវិធីផ្សេងៗទៀតជាច្រើន។